អំណោយជាស្បៀងអាហារ ឆ្អិនស្រាប់វេចខ្ចប់សុញ្ញាកាសរក្សាទុកបានយូរ រួមជាមួយទឹកសុទ្ធ ត្រូវបាន លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង នាំយកមកប្រគល់ជូនដល់ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីនាំយកបន្តទៅចែកជូនដល់វីរកងទ័ពនៅតំបន់ព្រំដែនជួរមុខ។
អំណោយរបស់ ក្រុមហ៊ុន ចុងភៅ សេង ហុកហេង ផ្តល់ជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន : អំបុកសាច់ផាត់ ចំនួន ១ ០០០កញ្ចប់, បាយក្តាំងសាច់អាំង ៥០០កញ្ចប់, ត្រីងៀត ២០០កញ្ចប់,ត្រីកាហើម ២៥០កញ្ចប់, សាច់ក្រក ២៥០ កញ្ចប់ និងទឹកសុទ្ធ ណាវី ចំនួន ៣០០កេស ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជូននូវស្បៀងអាហារឆ្អិនស្រាប់វេចខ្ចប់អាចរក្សាទុកបានយូរ និងមានគុណភាពល្អ រួមទាំងទឹកសុទ្ធ ដល់ក្រសួងព័ត៌មានដើម្បីធ្វើការចាត់ចែងដល់ក្រុមការងាររៀបចំដឹកជញ្ជូនយកទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី បានជូនពរ ក្រុមហ៊ុន ចុងភៅ សេង ហុកហេង ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព។
លោក ទូច រដ្ឋា បញ្ជាក់ថា ក្រុមការងារ សេងហុកហេង មានមោទនភាពដែលចូលរួមជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាក។
ជាមួយនេះ ក្រុមហ៊ុន ចុងភៅ សេង ហុកហេង នៅតែបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន តាមរយៈការផ្តល់អំណោយជូនទៅដល់វីរកងទ័ព កំពុងឈរជើងនៅតំបន់ជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕



