ខេត្តរតនគិរី៖ លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានលើកឡើងថា វេទិកាថ្នាក់ខេត្តស្តីពីកិច្ចសន្ទនា ពិគ្រោះយោបល់ និងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា មិនមែនរៀបចំឡើងដើម្បីចាប់កំហុស ឬបង្កើនជម្លោះរវាងមន្ត្រីរាជការរដ្ឋបាល និងអង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែធ្វើឡើងក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋាន។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនា ពិគ្រោះយោបល់ និងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី នៅសាលប្រជុំអគារ A សាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះ មានការចូលរួមពីលោកស្នងការរង លោកមេបញ្ជាការរង លោកនាយករងរដ្ឋបាល លោក ប៉ិច យ៉េត តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តរតនគិរី ព្រមទាំងលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុងស្រុក អធិការ-អធិការរង មេបញ្ជាការ-មេបញ្ជាការរងថ្នាក់ក្រុងស្រុក មេឃុំ-ចៅសង្កាត់ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សហជីព និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
លោក វ៉ាន់ សោភា បានបញ្ជាក់ថា ក្នុងមួយឆ្នាំ រដ្ឋបាលខេត្តរៀបចំវេទិកានេះចំនួន២ដង ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ហើយឆ្នាំនេះ គឺជាវេទិកាលើកទី៧ ដែលរដ្ឋបាលខេត្តរតនគិរី សហការជាមួយបណ្តាញអង្គការសង្គមស៊ីវិល រៀបចំឡើង។
លោកបន្តថា វេទិកានេះ មិនត្រឹមតែផ្តោតលើការដោះស្រាយបញ្ហាប្រឈមរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែដោយសារមានការពាក់ព័ន្ធជាមួយក្រុមផ្សេងៗទៀត ទើបរដ្ឋបាលខេត្តអញ្ជើញសមាសភាពបន្ថែម រួមមាន សហជីព សហគមន៍ អ្នកសារព័ត៌មាន និងវិស័យឯកជន មកចូលរួមផងដែរ ដើម្បីប្រមូលធាតុចូលសម្រាប់ជាប្រយោជន៍រួមដល់សហគមន៍ និងការអភិវឌ្ឍខេត្តរតនគិរីទាំងមូល។
អភិបាលរងខេត្តរូបនេះ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ឱ្យសហការល្អជាមួយសង្គមស៊ីវិល ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន មិនត្រូវបុរេវិនិច្ឆ័យ មុនរកឃើញការពិត និងត្រូវប្រកាន់ទស្សនៈកណ្តាលដោយមិនរើសអើង។
ជាមួយគ្នានេះ លោកក៏បានស្នើដល់អង្គការ សមាគម សហគមន៍ សហជីព និងអ្នកសារព័ត៌មាន ត្រូវគោរពច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ជៀសវាងពាក់ព័ន្ធនឹងរឿងនយោបាយ ឬប៉ះពាល់ដល់ព្រះមហាក្សត្រ។ លោកក៏បានណែនាំថា រាល់ការលើកឡើងក្នុងវេទិកា គួរជៀសវាងការប្រើឈ្មោះបុគ្គល ឬស្ថាប័នណាមួយដោយផ្ទាល់ ដើម្បីកុំឱ្យកើតមានភាពថ្នាំងថ្នាក់កាន់តែខ្លាំង។
លោកបញ្ជាក់ថា វេទិកានេះ មិនមែនជាកន្លែងដោះស្រាយបទល្មើស ឬបញ្ហាជាក់លាក់នៅមូលដ្ឋាននោះទេ ប៉ុន្តែផ្តោតលើការពិភាក្សាអំពីការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គការ សមាគម សហគមន៍ សហជីព និងវិស័យសារព័ត៌មាន ក្នុងការបំពេញការងារជាមួយមន្ត្រីរាជការនៅមូលដ្ឋាន ឬមានបញ្ហាប្រឈមផ្សេងៗទៀត៕

