នាល្ងាច ថ្ងៃទី 25 ខែតុលា ឆ្នាំ 2025 – សមាគមឥណ្ឌានៃសហគមន៍នៅកម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 នៅមជ្ឈមណ្ឌលសន្និបាត OCIC ជ្រោយចង្វារ ។
បុណ្យDiwali នេះមានគោលបំណងបង្ហាញអំពីមិត្តភាព វប្បធម៌ និងភាពរុងរឿងរួមគ្នារវាងសហគមន៍ឥណ្ឌា កម្ពុជា និងប្រជាជាតិជុំវិញពិភពលោក។
ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មន្ត្រីឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនទៀត រួមទាំងសមាជិកសហគមន៍ឥណ្ឌា និងអ្នកធុរកិច្ចជាច្រើន។
លោក Jaspal Singh ប្រធានសមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឥស្សរជន ភ្ញៀវ អ្នកឧបត្ថម្ភ និងសហគមន៍ទាំងមូល ដែលបានរួមចំណែកឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងអស្ចារ្យ។
លោកបានចែករំលែកថា
“ការប្រារព្ធពិធីបុណ្យ Diwali ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីរួមរបស់យើង — ការរួបរួមរបស់ជនជាតិឥណ្ឌា ប្រជាជនកម្ពុជា និងមិត្តភក្តិមកពីជុំវិញពិភពលោក ក្នុងពិធីបុណ្យមួយដែលអបអរសាទរពន្លឺ ក្តីសង្ឃឹម និងមនុស្សជាតិ។”
ក្នុងសុន្ទរកថារបស់គាត់ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងសហគមន៍ឥណ្ឌាដែលរស់នៅកម្ពុជា សម្រាប់ការចូលរួមជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា ពិធីបុណ្យ Diwali គឺជានិមិត្តរូបនៃពន្លឺ ឯកភាព និងក្តីសង្ឃឹម ដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសឥណ្ឌា និងកម្ពុជា តាមរយៈបេតិកភណ្ឌវប្បធម៌ និងមិត្តភាពដ៏វែងឆ្ងាយជាច្រើនសតវត្ស។ ភាពជាដៃគូរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន បង្ហាញពីស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការទៅលើវិស័យវប្បធម៌ ការអប់រំ និងការអភិវឌ្ឍន៍។
ឯកឧត្តមបានបន្ថែមថា ឥណ្ឌានឹងបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍជំនាញ និងគម្រោងសហការផ្សេងៗ ដែលរួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសទាំងពីរ៕

