ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានកងទ័ពទាំង ១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
ឋិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេមានសេចក្តីសោមនស្សរីករាយ បានទទួលជួបសំណេះសំណាលជាមួយអស់លោកជាវីរយុទ្ធជន ១៨រូប នៃប្រជាជាតិកម្ពុជាយើង ដែលត្រូវបាន រាជរដ្ឋាភិបាលនៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំឃាំងនៅប្រទេសថៃអស់មួយរយៈពេលកន្លងមកនេះ។
នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាននៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។
បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕

