ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រោមការដឹកនាំបញ្ជាពី លោក ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:២៦នាទីព្រឹក កម្លាំងផែនការងារជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការចូលរួមដោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក មាស ចន្នី អភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ ទីតាំង រីស៊ត គុជសារ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជាលទ្ធផលនោះ បានរកឃើញជនបរទេសសរុបចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ស្មើនឹង ១សញ្ជាតិ (ចិន) ក្នុងនោះដែរ រកឃើញជនបរទេសក្នុងទីតាំងចំនួន ១៧នាក់ ស្រីចំនួន ១នាក់ និងបន្តរកឃើញ (ដេញប្រផាប់ចាប់ប្រភីង) ជនបរទេសដែលរត់ចេញពីទីតាំងរីស៊តចំនួន ១៣នាក់ ស្រីចំនួន ១នាក់។ ធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងរួមមាន៖ កុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, IPad ចំនួន ២គ្រឿង, គ្រែដេក (២ជាន់) និងកៅអីមួយចំនួនរក្សាទុកក្នុងឃ្លាំងចំនួន ២ និងលិខិតឆ្លងដែនចំនួន ៣០ក្បាល (ផុតសុពលភាពទិដ្ឋាការ ១)។
យោងតាមការត្រួតពិនិត្យលើទីតាំង និងវត្ថុតាងជាក់ស្តែង កម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជនជាតិចិនចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស Online Scams ដែលចាកចេញពីកន្លែងណាមួយមកសម្ងំលាក់ខ្លួននៅ រីសត ឈ្មោះ គុជសារ។
បច្ចុប្បន្នជនជាតិចិនទាំង ៣០នាក់ ស្រី ២នាក់ រួមនឹងវត្ថុតាងមួយចំនួន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី៕

