នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោកស្រី Sanae Takaichi បានធ្វើដំណើរចូលទៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីផ្លូវការនៅទីក្រុងតូក្យូនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីទទួលបានរបាយការណ៍ថាមានមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានថា៖ ទីក្រុងតូក្យូកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងតាមរយៈការចែករំលែកទិន្នន័យព្រមាននានារបស់មីស៊ីលភាគីខាងជើងក្នុងពេលជាក់ស្តែងរួចរាល់ហើយ ។
យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ដែលត្រូវបានបាញ់ចេញពីតំបន់មួយភាគខាងត្បូងនៃទីក្រុងព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង ហើយបានហោះក្នុងចំងាយប្រហែលជា៣៥០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភាគឦសានប្រទេស។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មិនបានបញ្ចេញព័ត៌មានលម្អិតនៃហេតុការណ៍បាញ់បង្ហោះជាក់លាក់ណាមួយបន្ថែមទៀតទេ ប៉ុន្តែពួកគេបាននិយាយថា កាំជ្រួចនោះមិនបានធ្លាក់ក្នុងសមុទ្រនោះទេ។
នាយសេនាធិការចម្រុះបានបន្ថែមថា យោធារបស់កូរ៉េខាងត្បូងនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់រាល់ការបង្កហេតុណាមួយរបស់កូរ៉េខាងជើងដោយផ្អែកលើសម្ព័ន្ធមិត្តយោធាដ៏រឹងមាំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកផងដែរ៕

