ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានអោយដឹងថា បន្ទាប់ពីពួកគាត់បានប្រទះឃើញ មានគ្រឿងចក្រកំពុងឈូសឆាយដីតំបន់ដែនជម្រកសត្វព្រៃការពារដោយបរិស្ថាននៅតំបន់ក្បែបឹងស៊ីបផុយស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ពួកគាត់ក៍មានការងឿយឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងថា ចុះហេតុអ្វីបានជាមានដាក់គ្រឿងចក្រឈូសរំលំព្រៃនៅតំបន់ដែនជម្រកសត្វព្រៃតំបន់ការពារដោយបរិស្ថានបានដូចច្នេះទៅវិញ។
ប្រជាពលរដ្ឋបាននិយាយទៀតថា គ្រឿងចក្រដែលពួកគេបានដឹកយកទៅទំលាក់នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ គឺរយៈពេលប្រមាណជិតមួយសប្តារណ៍កន្លងកមហើយ ហើយពួកគេបានធ្វើសកម្មភាពឈូសឆាយដីព្រៃនឹងដើមឈើទំហំធំៗរាប់រយដើម ដែលការពារដោយមន្ត្រីបរិស្ថាននេះយ៉ាងគំហុក។ ក្រុមនេះហាក់ដូចជាមិនមានការខ្លាចភឹតភ័យពីសំណាក់អាជ្ញាធរ និងមន្ត្រីបរិស្ថាន ធ្វើការចុះបង្ក្រាបទល់តែសោះ។
ប្រជាពលរដ្ឋថា ព្រៃឈើដែលមានច្រើនបំផុត នៅដែនជម្រកសត្វព្រៃការពារដោយមន្រីបរិស្ថាននិងអាជ្ញាធរខេត្តខាងលើនេះពិតជាមានតម្លៃយ៉ាងខ្លាំង ហើយព្រៃឈើដែនជម្រកសត្វព្រៃទាំងនេះ ក៍ត្រូវការពារដោយព្រះរាជក្រិត្យផងដែរ។
ពាក់ព័ន្ធករណីព្រៃឈើដែលមានដើមឈើតូចធំនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ សូម្បីតែប្រជនក្នុងឃុំសេដាស្រុកលំផាត់ ក៍ចូលទៅកាប់ដាំស្រូវធ្វើចំការ មិនបានដែរ ព្រោះបើប្រជាជនក្នុងស្រុក ហានសកម្មភាពកាប់ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ ត្រូវកម្លាំងមន្ត្រីបរិស្ថានចុះចាប់ និងបង្ក្រាបភ្លាមៗចាត់ការទៅតាមផ្លូវច្បាប់តែម្តង។
ពលរដ្ឋបន្តថា តើគ្រឿងចក្រដែលដាក់ឈូសឆាយលំរំដើមឈើក្រាស់ខ្មឹក ក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់ ដែលការពារដោយបរិស្ថានលំផាត់ តើក្រុមនេះអាចមានច្បាប់មកពីណា..? ដែលហ៊ានរំលោភលើដីការពាររបស់ព្រះរាជក្រត្យ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ សម្រាប់ទុកបំរ៉ុងឱ្យសត្វព្រៃគ្រប់មច្ចៈដ្ឋានរស់នៅសម្រាប់ជ្រកកោននៅនោះ។
ពាក់ព័ន្ធការឈូសឆាយទន្ទ្រានយកដីដែនជម្រកសត្វនៅតំបន់ឃុំសេដាស្រុកលំផាត់នេះ សម្បីតែពលរដ្ឋដែលយកតែកាំបិតទៅកាប់ដើមឈើយកដីបន្តិចបន្តួច ក៍ត្រូវកម្លាំងបរិស្ថានចុះធ្វើការបង្ក្រាប ឬក៍ចាប់ខ្លួនបញ្ជូនពួកគាត់ទៅតុលាការដាក់ទោសទៅតាមច្បាប់ដែរ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងការឈូសឆាយ ទន្ទ្រានដីព្រៃ នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ លោកបានបញ្ជាក់ប្រាប់ BNN និង គេហទំព័រ ស្លាប ប៉ាកកាទឹកខ្មៅ ថាករណីគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពឈូសរំលំព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃ ដែលក្រុមការងារយើងខ្ញុំ បានរាយការណ៍ជូនលោកនោះ លោកនៅមិនទាន់ដឹងនៅឡើយទេ តែយ៉ាងណានោះ លោកនិងអោយកម្លាំងបរិស្ថានចុះទៅពិនិត្យមើលនៅតំបន់ដែលបានរាយការនោះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី បន្ទាប់ពីក្រុមការងារយើងខ្ញុំ បានរាយការអំពីបញ្ហាមានករណីការដាក់ គ្រឿងចក្រឈូសឆាយរំលំព្រៃឈើតូចធំ នៅតំបន់ដែនជម្រាកសត្វព្រៃក្បែបឹងស៊ីបផុយ លំផាត់នេះ ភ្លាមៗនោះដែរ “ឯកឧត្តមភិបាលខេត្ត” ក៍បានប្រាប់បញ្ជាក់មកក្រុមការងារយើងខ្ញុំថា ចាំបន្តិចឯកឧត្តមនិងអោយ អាជ្ញាធរស្រុកលំផាត់ ធ្វើការពិនិត្យទៅលើទីតាំងដីដែលក្រុមឈ្មួញកំពុងតែកាប់ទន្ទានទាំងនេះ។
លោក កិ សុខគ៌ា អភិបាលស្រុកលំផាត់ ក្រោយពីមានការឱ្យចុះពិនិត្យ ដីដែលមានគ្រឿងចក្រកំពុងឈូសរំលំដើមឈើតូចធំ នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅតំបន់ក្បែបឹងស៊ីបផុយ ក្នុងដែនជម្រកលំផាត់នោះ លោកបានរាយការណ៍មក ឯកឧត្តមអភិបាលខេត្តវិញថា តំបន់ដែលឈូសឆាយទាំងនេះ គឺជាតំបន់ថ្មី មិនមែនតំបន់ដែនជម្រកសត្វព្រៃកែងសាន់ក្នុងឃុំសេដាស្រុកលំផាត់ ដែលលោក តាយសេង សុំច្បាប់ឈូសឆាយនោះទេ។
បើទោះជាដូចច្នេះក្តី ប្រជាពលរដ្ឋនៅក្នុងឃុំសេដាស្រុកលំផាត់ នៅតែទទូចស្នើរសុំនិង សំណូមពរដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សូមឯកឧត្តម ញ៉ែម សំអឿន និង លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មេត្តាជួយរក្សា និងធ្វើការទប់ស្កាត់ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃនេះផង ដើម្បីទុកឱ្យជាច្រើនប្រភេទមានជម្រក និង ផ្តល់ការរស់នៅនិងស្នាក់នៅរបស់សត្វផង។ ព្រោះការស្រឡាញ់ធនធានធម្មជាមិនមែនតែសត្វព្រៃនោះទេ សម្បីតែមនុស្ស ក៍ត្រូវការដូចគ្នា។
ជាក់ស្តែងដីនៅតំបន់ដែនជម្រកសត្វព្រៃខាងលើនេះ ដើមឡើយគ្មានប្រជាជនណាម្នាក់អាចចូលទៅកាប់ទន្ទ្រានយកបាននោះទេ ប្រជាជនមួយចំនួនតូចដែលបានចូលទៅកាប់ទន្ទ្រានយកដី នៅតបន់ដែនជម្រកសត្វព្រៃលំផាត់ ដែលការពារយ៉ាងតឹងរឹងដោយមន្ត្រីបរិស្ថាន ប្រជាជមួយចំនួនត្រូវបានចាប់ខ្លួនបញ្ជូនខ្លួនទៅកាន់តុលាការខេត្តរតនគិរី ដើម្បីដាក់ទោសតាមច្បាប់។ អាស្រ័យហេតុដូចច្នេះបានជាពលរដ្ឋនៅទទូចសុំ ឧ្យឯកឧត្តមអភិបាលខេត្ត និង ប្រធានមន្ទីរបរិស្ថាន ជួយថែរក្សាព្រៃឈើនិងដីរដ្ឋ នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរីទាំងនេះបន្តទៀត ឧ្យបានគង់វង់ទុកសម្រាប់សត្វឱ្យមានទីជម្រកផង និងជួយការពារទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសទាំងនេះផង៕











