ភ្នំពេញ៖ បន្ទាប់បានដំណើរការអស់រយៈពេល ២ថ្ងៃរួចមក អង្គសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានអញ្ជើញចូលរួមពី លោកស្រី Nhishaeni Parmanadan តំណាងក្រុមហ៊ុន Viory ប្រចាំតបន់អាសុី និងវាគ្មិន ក្រុមការងារមកពីប្រទេស អេមីរ៉ាត់រួម។
អង្គសិក្ខាសាលារយៈពេល ២ថ្ងៃនេះ បាន ចែករំលែកបទពិសោធ និងចំណេះដឹងអំពីដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូ និងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ព្រមទាំងការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព។
សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាសរុបចំនួនជាង ៦០នាក់ មកពី អគ្គនាយកដ្ឋានជំនាញចំណុះឲ្យក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មានឯកជន ៕

