សៀមរាប៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ Halo Trust ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្តាប់នូវសេចក្តីរាយការណ៍របស់អង្គការ Halo Trust អំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងផែនការបន្តសម្រាប់ឆ្នាំ២០២៦។
ក្នុងនោះផងដែរ លោក Tobias Hewitt ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា បានលើកឡើងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងជំនួយ កម្លាំងបោសសម្អាតមីន និងតម្រូវការចម្ការមីនសម្រាប់ធ្វើការបោសសម្អាតក្នុងឆ្នាំ២០២៦ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ និងកិច្ចសហការលើកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា ក្នុងការរៀបចំផែនការបោសសម្អាតមីនឆ្នាំ២០២៦ និងឆ្នាំបន្ទាប់ៗទៀត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន។ ឯកឧត្តម លី ធុជ ក៏បានបញ្ជាក់ពីការគាំទ្រ និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងរបស់អាជ្ញាធរមីនចំពោះកម្មវិធី និងផែនការរបស់អង្គការ Halo Trust នៅកម្ពុជា ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានផ្តាំដល់អង្គការ Halo Trust ពាំនាំនូវសេចក្តីថ្លែងអំណរគុណពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបាននិងកំពុងផ្តល់នូវការគាំទ្រដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust រយៈពេលជាង ៣០ឆ្នាំ មកនេះ៕


