ដោយមានការសហការ និងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ធ្នូ ឆ្នាំ២០២៥។
បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារបានចុះពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្ទ្រានដី យកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង៥កន្លែង រួមមាន:
១-ចំណុចពន្លឺពេជ្រ
២-ចំណុចអូរទឹកក្រហម
៣-ចំណុចសសរប្រាំបីជ្រុង
៤-ចំណុចទួលតាសេក
៥-ទីតាំងចំណុចវាលយន្តហោះ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសស្ត្រខេត្តក្រចេះ។
ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ដ្រូន និងដំឡើងផែនទី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវកន្លែងដែលមានការកាប់រានដីព្រៃ ក្នុងពេលចុះបំពេញការងារនេះផងដែរ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា ទីតាំងទាំង៥ខាងលើ មានការកាប់រុករានដីព្រៃ និងដាំកូនកៅស៊ូ ដោយកន្លែងខ្លះមានអាយុ៣ឆ្នាំ កន្លែងខ្លះមានអាយុ១ឆ្នាំ ឬ តិចជាង១ឆ្នាំ និងកន្លែងខ្លះទើបកាប់រានថ្មីក្នុរយៈពេលប្រមាណ២សប្តាហ៍មុន។
ជាមួយគ្នានេះ ក្រុមការងារបានទទួលការចូលរួមគាំទ្របន្ថែម ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និង បានអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ដកហូត នូវវត្ថុតាងចាប់យកមួយចំនួន ដូចជា ម៉ូតូ Honda Dream ចំនួន២គ្រឿង កៅឡាក់ចំនួន១ បន្ទះសូឡាតូច និងអំពូលភ្លើងហ្វាចំនួន ១ឈុត និងថ្នាំកម្ចាត់ស្មៅចំនួន ១ធុង ចំណុះ២០លីត្រ មករក្សាទុក។
លើសពីនេះ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងករណីនេះ ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការទៅតាមច្បាប់ ៕


