ខេត្តបន្ទាយមានជ័យ៖ ក្រុមទាហានថៃនៅតែបន្តបញ្ជាយន្តហោះទំលាក់គ្របនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងផ្ទះប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
ការបាញ់ប្រហារនេះចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី ហើយមិនតែប៉ុណ្ណះ ថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៦០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋខ្មែរ បានចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានបានល្អ។
ចំណែកកងកម្លាំងយោធាររបស់កម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕

